(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពជាក់ស្តែងការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន ដោយចុះពិនិត្យផ្នែកសម្ភព ពិនិត្យជំងឺក្រៅ ការទទួលបដិសណ្ឋារកិច្ច, កន្លែងចាក់វ៉ាក់សាំង និងផ្នែកអាហារូបត្ថម្ភ។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមស្តាប់ការប្រជុំបច្ចេកទេសពេលព្រឹករបស់មន្ទីរពេទ្យកុមារជាតិ និងបានផ្តល់ការណែនាំចំណុចសំខាន់ដូចជា ទម្រង់នៃការប្រជុំ ការដឹកនាំការប្រជុំ និងការវាយតម្លៃ។ របាយការណ៍ ត្រូវធ្វើឡើងដោយខ្លី សង្ខេប ចំគោលដៅ និងមានទិន្នន័យតួលេខច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការតាមដាន និងវាយតម្លៃ ជាពិសេសពិនិត្យលើរបាយការណ៍ស្ថិតិជំងឺ។ មន្ទីរពេទ្យត្រូវមានការប្រជុំឱ្យបានទៀងទាត់ ពិនិត្យការគ្រប់គ្រង និងតាមដានការអនុវត្តពិធីសារព្យាបាលឱ្យបានត្រឹមត្រូវ និងបទដ្ឋានបច្ចេកទេសព្យាបាលសមស្រប។ បន្ថែមពីនេះការពិភាក្សាករណីជំងឺធ្ងន់ៗ និងស្មុគស្មាញ ត្រូវពិភាក្សាផ្លាស់ប្តូរយោបល់រវាងក្រុមគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រព្យាបាលជាក់ស្តែង និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺជាចម្បង។
ការចុះពិនិត្យការបម្រើសេវាសុខាភិបាលដោយមិនបានជូនដំណឹងជាមុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរពេទ្យកុមារជាតិ បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់នៃ មន្ទីរពេទ្យកុមារជាតិ ដែលបានបំពេញភារកិច្ច និងតួនាទីយ៉ាងសកម្មក្នុងការព្យាបាល ថែទាំ និងលើកកម្ពស់សុខុមាលភាពមាតា ទារក កុមារឱ្យកាន់ប្រសើរឡើង។
នាពេលនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានជំរុញលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងក្នុងបម្រើសេវាសុខាភិបាលប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធម៌ និងពង្រឹងគុណភាពសេវាថែទាំ និងព្យាបាល ប្រកបដោយ គុណភាព សុវត្ថិភាព និងសមធម៌៕
























ប្រភព៖ https://all-news-friends.blogspot.com/2026/10/blog-post_191.html

No comments:
Post a Comment