www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, October 27, 2026

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រ និងដាក់បទបញ្ជាត្រៀមគ្រប់គ្រងទឹកបម្រើឱ្យរដូវប្រាំងឆ្នាំ២០២៦-២០២៧

(ពោធិ៍សាត់)៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោក គិត ផល អនុប្រធានក្តាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកផ្ទាល់ នៅតាមប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល និងប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ។

ក្នុងពេលចុះពិនិត្យនោះ លោកអភិបាលខេត្ត បានចង្អុលបង្ហាញ និងដាក់បទបញ្ជាផ្ទាល់ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យចាត់ចែងអន្តរាគមន៍បើក និងបិទទឹកតាមបណ្តាស្ថានីយ និងទំនប់ស្ទាក់ទឹកនានាក្នុងក្រុង-ស្រុកនៃខេត្តពោធិ៍សាត់ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការខ្វះខាតទឹក ព្រមទាំងត្រៀមបង្ការហានិភ័យផ្សេងៗសម្រាប់រដូវប្រាំងនាពេលខាងមុខ។

យោងតាមការព្យាករណ៍អាកាសធាតុ រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យខ្យល់មូសុងឥសាននាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយ ព្រមទាំងមានបាតុភូតអាកាសធាតុផ្សេងៗទៀត។

អាស្រ័យហេតុនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដាក់ចេញនូវផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងស្រូវប្រដេញទឹក ឆ្នាំ២០២៦-២០២៧ សរុបចំនួន ៣០,០០០ហិកតា តែមួយលើក តាមបណ្តាប្រព័ន្ធធារាសាស្ត្រសំខាន់ៗចំនួន១២ ក្នុងនោះរួមមាន៖

*ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ៖ ៤,៧០០ ហិកតា (ស្រុកតាលោសែនជ័យ និងភ្នំក្រវាញ)
*ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល៖ ១១,៨០០ ហិកតា (ស្រុកបាកាន)
*ប្រព័ន្ធធារាសាស្ត្រវត្តលាប៖ ៣០០ ហិកតា (ស្រុកបាកាន)
*ប្រព័ន្ធធារាសាស្ត្រអូររកា៖ ២,០០០ ហិកតា (ក្រុងពោធិ៍សាត់)
*ប្រព័ន្ធធារាសាស្ត្រចារឹក៖ ៥,០០០ ហិកតា (ស្រុកកណ្តៀង)
*ប្រព័ន្ធធារាសាស្ត្រពោធិ៍អណ្តែត៖ ៥,០០០ ហិកតា (ស្រុកកណ្តៀង)
*ប្រព័ន្ធធារាសាស្ត្រទួលគូ៖ ១៥០ ហិកតា (ស្រុកកណ្តៀង)
*ប្រព័ន្ធធារាសាស្ត្រឈើតោក៖ ១៥០ ហិកតា (ស្រុកភ្នំក្រវាញ)
*ប្រព័ន្ធធារាសាស្ត្រកំពែង៖ ១០០ ហិកតា (ស្រុកភ្នំក្រវាញ)
*ប្រព័ន្ធធារាសាស្ត្របំណក់៖ ៧០០ ហិកតា (ស្រុកក្រគរ)
*ប្រព័ន្ធធារាសាស្ត្រគុជនប់៖ ៥០ ហិកតា (ស្រុកក្រគរ)
*ប្រព័ន្ធធារាសាស្ត្រអង្គុញ៖ ៥០ ហិកតា (ស្រុកក្រគរ)

ជាមួយគ្នានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះការធ្វើស្រែប្រាំង និងស្រែប្រដេញទឹកនៅក្រៅប្រព័ន្ធកំណត់ខាងលើ មន្ទីរពុំទទួលខុសត្រូវ ចំពោះការធានាផ្តល់ទឹកស្រោចស្រពឡើយ។

ទន្ទឹមនឹងនេះ អាជ្ញាធរនិងមន្ទីរជំនាញ បានអំពាវនាវដល់ប្រជាកសិករ និងសាធារណជនទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ថែរក្សាប្រភពទឹក ប្រើប្រាស់ទឹកដោយស្មារតីសន្សំសំចៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវតាមដានពិនិត្យវាយតម្លៃ ព្រមទាំងអនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានជាមុន មុននឹងសម្រេចចិត្តធ្វើការបង្កបង្កើនផលស្រូវប្រាំង ដើម្បីជៀសវាងហានិភ័យខ្វះខាតទឹកជាយថាហេតុ៕


ប្រភព៖ https://pormeantvonline.blogspot.com/2026/10/blog-post_987.html

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages