កិច្ចពិភាក្សាការងារទ្វេភាគីរវាង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយ ឯកឧត្តមឧត្តមសេនីយ៍ឯកបំរុង ង្វៀន វ៉ាន់ហ្គូវ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ង្វៀន វ៉ាន់ហ្គូវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលត្រូវបានថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតាំងពីយូរលង់ណាស់មកហើយ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ទាំងក្នុងដំណាក់កាលរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាក្នុងដំណាក់កាលស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។
ជាការឆ្លើយតប ឯកឧត្តម ង្វៀន វ៉ាន់ហ្គូវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេរាដ៏មានតម្លៃអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលលើការងារអប់រំដល់យុវជនជំនាន់ក្រោយ បន្តអប់រំប្រជាជន យុវជនជំនាន់ក្រោយនៃប្រទេសទាំងពី ឱ្យយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា-វៀតណាម និងកិច្ចសហប្រតិបត្តិការសន្តិសុខព្រំដែន៖ បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនៅតាមតំបន់ព្រំដែន ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕











No comments:
Post a Comment