www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, June 10, 2026

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

(សៀមរាប)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យសរុ​ប ១៦៣០នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១៣រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងកណ្តាល។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើកិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន​ធាន​ធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

យោងតាម Fresh AI ខេត្តសៀមរាប មានទំហំផ្ទៃដីសរុបចំនួន ១០ ២៩៩,៤៣គីឡូម៉ែត្រក្រឡា មានក្រុងចំនួន២ ស្រុកចំនួន១១ សង្កាត់ចំនួន១៤ ឃុំចំនួន៨៦ ស្មើនឹង ៩១០ភូមិ។ ខេត្ត​សៀម​រាប មានព្រំប្រទល់ខាងជើង ជាប់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ខាងត្បូងជាប់ខេត្តបាត់ដំបង និងបឹងទន្លេសាប ខាងកើតជាប់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងខាងលិច​ជាប់ខេត្តបន្ទាយ​មាន​ជ័យ។

ខេត្តសៀមរាប មានគ្រួសារសរុបចំនួន ២៨ ៦២៣៥គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ១ ២១៤ ៧៣១នាក់ ស្រី ៦១៦ ៦៦២នាក់។ នៅឆ្នាំ២០២៥ ខេត្តសៀមរាប មានផលិតផលក្នុងស្រុក(GDP) សរុបប្រមាណ ២ ៧៥៤លានដុល្លារ និងផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ (GDP Per Capital) មានប្រមាណ ២ ១៩១ដុល្លារ។

ដោយឡែកខេត្តឧត្តរមានជ័យ មានទីតាំងស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា មានចម្ងាយ ៤៦៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណេរតាមផ្លូវជាតិលេខ៥ មានចម្ងាយ ៤៦៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងធ្វើដំណើរតាមផ្លូវជាតិលេខ៦ មានចម្ងាយ ៤៤៧គីឡូម៉ែត្រ។ ខេត្តឧត្តរមាន​ជ័យ មានព្រំប្រទល់​ខាងកើតជាប់ខេត្តព្រះវិហារ ខាងលិចជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់​ខេត្តសៀមរាប និងខាងជើងជាប់ជាមួយខេត្តចំនួន៣ របស់ថៃ គឺខេត្តសុរិន្ទ ខេត្តបុរីរ៉ាំ និងខេត្ត​ស៊ី​សាកេត មានប្រវែងសរុប ២២៤គីឡូម៉ែត្រ។

ខេត្តឧត្តមានជ័យមាន ក្រុងចំនួន១ និងស្រុកចំនួន៤ ឃុំចំនួន១៩ សង្កាត់ចំនួន៥ និងភូមិ​ចំនួន ៣០៨ភូមិ មានផ្ទៃដីសរុប ៦ ៦៥៥,៤០គីឡូម៉ែត្រក្រឡា មានប្រជាជនសរុប២៧៦ ៧១៤នាក់ ស្រី ១៣៦ ៦៩៩នាក់។ ខេត្តឧត្តរមានជ័យ មានទំហំសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៤៤៤ ៤០៣ លាន​ដុល្លា ស្មើ ១ ៧៧៧ ៦១១លានរៀល ខណៈចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋមានចំនួន ១ ៦០៦ដុល្លារ។ ខេត្តឧត្តរមានជ័យ ជាខេត្តមានស្ថានភាពសេដ្ឋកិច្ចលំដាប់ទាបជាងគេ​ទូទាំង​ប្រទេស។

ខេត្តឧត្តរមានជ័យ មានច្រកទ្វារអន្តរជាតិសំខាន់ៗចំនួន ៣រួមមាន៖ ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិត​នៅក្នុងក្រុងសំរោង ច្រកទ្វារព្រំដែនជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនជប់គគីរ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages