www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, June 11, 2026

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចែករំលែកចំណេះដឹងនិងបទពិសោធសំខាន់ៗពីការងាររបស់ខ្លួន ជូនសិស្សចៅក្រម និងព្រះរាជអាជ្ញា​នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានសហការជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «ភាគទាននៃយុត្តិសាស្ត្ររបស់ អ.វ.ត.ក.» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធសំខាន់ៗដែលកើតចេញពីការងាររបស់ អ.វ.ត.ក. ជូនសិស្សចៅក្រម/ព្រះរាជអាជ្ញាជំនាន់ទី១២ និងទី១៣ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សរុបជាង១២០រូប។

សិក្ខាសាលានេះ បានរៀបចំឡើង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សិស្សចៅក្រម ក្នុងការស្វែងយល់អំពីបទពិសោធន៍ជាក់ស្តែង និងសមិទ្ធផលផ្នែកយុត្តិសាស្ត្ររបស់ អ.វ.ត.ក. ដែលអាចយកទៅអនុវត្ត និងអភិវឌ្ឍបន្ថែមក្នុងការបំពេញតួនាទីជាចៅក្រមនាពេលអនាគត។

លោកបានមានប្រសាសន៍ថា៖ «អ.វ.ត.ក. មិនត្រឹមតែជាយន្តការស្វែងរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវចំណេះដឹង បទពិសោធន៍ និងកេរដំណែលដ៏មានតម្លៃសម្រាប់វិស័យយុត្តិធម៌នៅកម្ពុជាផងដែរ»។

ជាមួយគ្នានេះ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងបើកកម្មវិធីដោយលើកឡើងថា អ.វ.ត.ក. បានក្លាយជាគំរូដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងជាតិ និងអន្តរជាតិ ក្នុងការស្វែងរកយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព។

លោកបានមានប្រសាសន៍ថា​ «ក្រៅពីការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ អ.វ.ត.ក. បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ការអភិវឌ្ឍច្បាប់ និងការលើកកម្ពស់វប្បធម៌នីតិរដ្ឋនៅកម្ពុជា។ ការផ្ទេរចំណេះដឹង និងកេរដំណែលទាំងនេះទៅកាន់អ្នកជំនាន់ក្រោយ គឺជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មរបស់ អ.វ.ត.ក.»។

ក្នុងសិក្ខាសាលានេះ អ្នកជំនាញនិងមន្ត្រីជាន់ខ្ពស់របស់ អ.វ.ត.ក. បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗជាច្រើន រួមមាន រចនាសម្ព័ន្ធ យុត្តាធិការ និងនីតិវិធីរបស់ អ.វ.ត.ក. ដោយ លោក ពេជ អង្គ មេធាវីជាតិនាំមុខតំណាងដើមបណ្ដឹងរដ្ឋប្បវេណី។ ប្រធានបទស្តីពីឧក្រិដ្ឋកម្មអន្តរជាតិចម្បង បទបង្ហាញដោយលោក Milan JOVANCEVIC មន្ត្រីសម្របសម្រួលរបស់ UNAKRT និងជាទីប្រឹក្សាច្បាប់ អ.វ.ត.ក.។ ប្រធានបទស្តីពីភាគទានផ្នែកយុត្តិសាស្ត្ររបស់ អ.វ.ត.ក. ចំពោះច្បាប់ព្រហ្មទណ្ឌអន្តរជាតិ បទបង្ហាញដោយលោកចៅក្រម Martin KAROPKIN ចៅក្រមអន្ដរជាតិនៃសាលាដំបូងរបស់ អ.វ.ត.ក. និងប្រធានបទស្តីពីភាគទានផ្នែកយុត្តិសាស្ត្ររបស់ អ.វ.ត.ក. ចំពោះការអនុវត្តនៅតុលាការជាតិ បទបង្ហាញដោយលោកស្រី មៀច សិទ្ធិការ្យ ជេស្ស៉ីការ្យ ចៅក្រមសាលាដំបូងខេត្តកណ្តាល។

លើសពីនេះលោក សាន់ រ៉ាដា មន្ត្រីគ្រប់គ្រងសំណុំរឿងរបស់ អ.វ.ត.ក. ក៏បានធ្វើបទបង្ហាញអំពីការគ្រប់គ្រងសំណុំរឿង និងការប្រើប្រាស់បណ្ណសាររបស់ អ.វ.ត.ក. ដែលជាធនធានដ៏មានសារៈសំខាន់សម្រាប់ការសិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍវិស័យយុត្តិធម៌នៅពេលអនាគត ហើយលោក ប៊ូ ចាន់ថន អតីតមន្ត្រីគ្រប់គ្រងសំណុំរឿងនៃការិយាល័យសហព្រះរាជអាជ្ញា បានបង្ហាញអំពីបច្ចេកការងារនិងបទពិសោធគ្រប់គ្រងសំណុំរឿងរបស់ខ្លួនផងដែរ។

សិក្ខាសាលាបានបញ្ចប់ដោយវគ្គសំណួរ និងចម្លើយ ដែលបានផ្តល់ឱកាសដល់សិស្សចៅក្រម/ព្រះរាជអាជ្ញា និងអ្នកចូលរួមធ្វើការផ្លាស់ប្តូរយោបល់ ពិភាក្សា និងស្វែងយល់បន្ថែមពីកេរដំណែល និងការចូលរួមចំណែករបស់ អ.វ.ត.ក. ក្នុងការលើកកម្ពស់វិស័យយុត្តិធម៌ គណនេយ្យភាព និងនីតិរដ្ឋនៅកម្ពុជា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages