www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, September 29, 2026

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីរាប់បាត្រវេរភត្តបង្សុកូលឧទ្ទិសមហាកុសល ជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍

រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីរាប់បាត្រ វេរភត្តនិងបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាជនខ្មែរស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតនៅមន្ទីរសន្តិសុខ ១០៤ (មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងឱកាសថ្ងៃបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងបង្ហាញពីការចងចាំរបស់ប្រជាជនចំពោះសោកនាដកម្ម ដែលបានកើតឡើងក្នុងអតីតកាល ព្រមទាំងចូលរួមថែរក្សាការចងចាំប្រវត្តិសាស្ត្រ ដើម្បីជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងពិធីនេះ អ្នកចូលរួមបាននាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិត ដោយសូមឱ្យវិញ្ញាណក្ខន្ធទាំងអស់បានទៅកាន់សុគតិភព។

ពិធីរំលឹកវិញ្ញាណក្ខន្ធនេះ ក៏ជាការបង្ហាញពីការចូលរួមរបស់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងការរក្សាការចងចាំអំពីប្រវត្តិសាស្ត្រ និងការបាត់បង់ដ៏ធ្ងន់ធ្ងររបស់ប្រជាជនកម្ពុជា ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានសិក្សា និងចងចាំពីតម្លៃនៃសន្តិភាព សាមគ្គីភាព និងការរួមរស់ដោយសុខដុមរមនា។

គួររំលឹកផងដែរថា របបកម្ពុជាប្រជាធិបតេយ្យ បានកាន់អំណាចនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សរុបរយៈពេល ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។ ក្នុងអំឡុងពេលនេះ ប្រទេសកម្ពុជាបានជួបប្រទះសោកនាដកម្មដ៏ធ្ងន់ធ្ងរ ដោយប្រជាពលរដ្ឋរាប់លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុង និងទីលំនៅ ទៅរស់នៅតាមសហករណ៍ និងតំបន់ការងារ ព្រមទាំងប្រឈមនឹងការបង្ខំឱ្យធ្វើការយ៉ាងលំបាក ការខ្វះខាតអាហារ ជំងឺ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ក្នុងរយៈពេលដ៏ខ្មៅងងឹតនេះ ប្រជាពលរដ្ឋជាច្រើនត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងសម្លាប់នៅតាមមន្ទីរសន្តិសុខ និងទីតាំងសម្លាប់នានាទូទាំងប្រទេស ក្នុងនោះក៏មានមន្ទីរសន្តិសុខ ១០៤ ឬមណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង ក្នុងខេត្តស្ទឹងត្រែងផងដែរ។

ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានចាត់ទុកជាចំណុចបញ្ចប់នៃរបបកម្ពុជាប្រជាធិបតេយ្យនៅកម្ពុជា ហើយបានបើកទំព័រថ្មីសម្រាប់ការស្តារប្រទេសជាតិឡើងវិញ។ ការរំលឹកប្រវត្តិសាស្ត្រនេះ មានសារៈសំខាន់សម្រាប់ឱ្យកូនចៅជំនាន់ក្រោយយល់ដឹងពីអតីតកាល និងចូលរួមថែរក្សាសន្តិភាព កុំឱ្យសោកនាដកម្មបែបនេះកើតឡើងជាថ្មី៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages