ភ្នំពេញ÷ ប៉ុន្មានខែនេះ ក្រោមវិធានដ៏មុតស្រួចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្លាំងអន្តរាគមន៍ពិសេស នៃអគ្គនាយកដ្ឋានគយ បានចេញប្រតិបត្តិការយ៉ាងក្តៅគគុកបង្ក្រាបបទល្មើសអំពើរត់គេចពន្ធជាច្រើនករណីនៅស្ទើរគ្រប់ខេត្តក្រុង ដោយរកឃើញបទល្មើសទំនិញគេចពន្ធជាច្រើនប្រភេទ ត្រូវបង់ពន្ធ និងពិន័យពន្ធស្របតាមនីតិវិធីគយ ប្រមូលថវិកាពន្ធចូលរដ្ឋរាប់លានដុល្លារ។
ករណីខាងលើនេះ មន្ត្រីគយធំៗដែលជាប់ពាក់ព័ន្ធនឹងអំពើរត់គេចពន្ធ ជិត២០រូបត្រូវបានកោះហៅឲ្យមកផឹកតែក្តៅ ចត់បាយមួយរយៈ ដើម្បីរៀបចំឯកសារលាងជម្រះក្លិនពុករលួយ ហើយទើបត្រូវបានឲ្យវិលត្រលប់ទៅបំពេញការងារឡើងវិញ កាលពីពេលថ្មីៗនេះទេ។
ក្នុងខេត្តតាកែវឯណោះវិញ កម្លាំងពិសេសនៃអគ្គនាយកដ្ឋានគយ បានចុះទៅពិនិត្យអនុលោមភាពទំនិញ និងបានបង្ក្រាបទំនិញគេចពន្ធជាច្រើនលើកនៅក្នុងឃ្លាំងស្តុកទំនិញក្បែរច្រកអន្តរជាតិភ្នំឌិន ឃាត់រថយន្តដឹកទំនិញគេចពន្ធជាច្រើនគ្រឿង និងទូកដឹកទំនិញនៅច្រកបាក់ដៃចំនួន២លើកផងដែរ។ ក្នុងប្រតិបត្តិការនេះ កម្លាំងពិសេសនៃអគ្គនាយដ្ឋានគយបានរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ទំនិញដែលរដ្ឋហាមឃាត់នាំចូល និងបានបំពេញនីតិវិធីគយប្រមូលបានពន្ធជាច្រើនលានដុល្លារចូលរដ្ឋ។
ពាក់ព័ន្ធនឹងរឿងអាស្រូវនៃអំពើរត់គេចពន្ធនេះ មន្ត្រីគយការិយាល័យច្រកទ្វារព្រំដែននៅក្នុងខេត្តតាកែវមួយចំនួន រួមទាំងលោក ទុន ចាន់ធី និងលោក លី វណ្ណា ប្រធាន និងអនុប្រធានការិយាល័យគយចល័តតំបន់២ ត្រូវបានអគ្គនាយកដ្ឋានគយកោះអញ្ជើញឲ្យមកផឹកតែក្តៅ ដើម្បីបង្កើនសមត្ថភាពបង្ក្រាបអំពើរត់គេចពន្ធ និងណែនាំមិនឲ្យបន្តធ្វេសប្រហេសក្នុងការបំពេញភារកិច្ចខ្លួនទៀតឡើយ។
អ្វីដែលចម្លែកនោះ មានការលើកឡើងថាហេតុអ្វីលោក ចៅ ប៉ុងពិសិដ្ឋ អនុប្រធានគយចល័តតំបន់២ ទទួលបន្ទុកបង្កា និងបង្ក្រាបអំពើរត់គេចពន្ធនៅផ្លូវជាតិលេខ២ក្នុងស្រុកកណ្តាលស្ទឹង និងនៅផ្លូវជាតិលេខ៣ត្រង់ចំនុចបែកគូសក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បែរជាមានសំណាងរួចខ្លួនពីការកោះអញ្ជើញឲ្យមកផឹកតែក្តៅ របស់អគ្គនាយកដ្ឋានគយទៅវិញ?
បើតាមប្រភពពីមន្ត្រីគយមួយរូបសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងថា លោក ចៅ ប៉ុងពិសិដ្ឋ បានផ្ទេរការងារពីមន្រីគយខេត្តបន្ទាយមានជ័យមក កាន់តំណែងជាអនុប្រធានការិយាល័យគយចល័តតំបន់២ ទទួលបន្ទុកលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ជិត២ឆ្នាំកន្លងមកហើយ។ ការផ្ទេរមកកាន់តំណែងថ្មីនេះបាន គឺដោយសារមានលោក នូ សុីថា ប្រធាននាយកដ្ឋានបង្កា និងបង្ក្រាបអំពើរត់គេចពន្ធ ដែលជាកល្យាណមិត្តដ៏ស្អិតរមួត ជួយជ្រោមជ្រែងរៀបចំ ជួយចាត់ចែង។ ប្រភពខាងលើលួចខ្សឹបឲ្យដឹងទៀតថា លោក ចៅ ប៉ុងពិសិដ្ឋ ហ៊ានចំណាយជិត១បាច់ធំដើម្បីទទួលបានតំណែងដ៏សំខាន់មួយនេះ។ ប្រភពខាងលើបន្ថែមថា ជាង១ឆ្នាំកន្លងទៅនេះ លោក ចៅ ប៉ុងពិសិដ្ឋ មិនបានខ្វាយខ្វល់ពីការបំពេញតួនាទីបង្ក្រាបអំពើរត់គេចពន្ធឡើយ ប៉ុន្តែគាត់បែរជាមានជំនាញខ្ពស់ខាងប្រមូលលុយក្រៅច្បាប់ប្រញាប់ស្រង់ដើម ជាពិសេស គឺចេះយកចិត្តមេដែលជាកល្យាណមិត្ត ដើម្បីឲ្យជួយបិទបាំង ការពារអំណាចខ្លួនទៅវិញ។ បែបនេះហើយ ទើបខេត្តតាកែវល្បីខ្លាំងខាងទំនិញគេចពន្ធ ទំនិញរដ្ឋហាមឃាត់មិនឲ្យនាំចូល និងមានផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធនឹងអំពើរត់គេចពន្ធនេះ។ ទោះយ៉ាងនេះក្តី សម្រាប់លោក ចៅ ប៉ុងពិសិដ្ឋ បែរជាមានសំណាង គេចផុតពីគ្រោះភ័យ ដូចមានបារមីចាំជួយការពារ មិនឲ្យអគ្គនាយដ្ឋានគយ មើលឃើញពីកំហុសឆ្គងក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពគេហទំព័រ"ព្រៃវែង ប៉ុស្តិ៍" មិនអាចសុំការបកស្រាយពីលោក ចៅ ប៉ុងពិសិដ្ឋ បានឡើយ។អង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយ គ្រប់ម៉ោងធ្វើការ៕









No comments:
Post a Comment