ខេត្តបាត់ដំបង៖ អំពើហិង្សាមួយបង្កឡើងដោយបុរសម្នាក់ផឹកស្រាស្រវឹងស្រែកឡូមួយយប់ទល់ភ្លឺ ទាញកាំបិតខ្វែវពីផ្ទះខ្លួនចូលទៅដេញកាប់ស្រីម្នាក់កំពុងមានផ្ទៃពោះដល់ក្នុងផ្ទះ បណ្តាលឲ្យរងរបួសចំស្មាជាទម្ងន់ និងត្រូវរលូតកូន ខណៈជនបង្កក៏ត្រូវរងរបួសដូចគ្នា ប៉ុន្តែបែរជារួចខ្លួនពីសំណាញ់ច្បាប់ ផ្ទុយទៅវិញប្អូនស្រីជនរងគ្រោះត្រូវសមត្ថកិច្ចចាប់ញាត់គុកយ៉ាងអយុត្តិធម៌ទៅវិញ។ ករណីហិង្សានេះបានកើតឡើងដោយសារមានទំនាស់ពាក្យសំដីបន្តិចបន្តួចកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២៦ ក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
តាមការអះអាងពីស្ត្រីរងគ្រោះម្នាក់ឈ្មោះ សន ស្រីពៅ បានឲ្យដឹង កាលពីម៉ោង៥ល្ងាចថ្ងែទី៨ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលម្នាក់ឈ្មោះ
នុប សោភា ហៅចេកជាជនបង្កហិង្សា និងគូគនចំនួន២នាក់ទៀត ឈ្មោះ ពេជ្រ ត្រូវជាប្អូនជនបង្ក និងឈ្មោះ នឿន បានជុំគ្នាផឹកសុីស្រវឹងស្រា ស្រែកឡូឡា រហូតដល់ម៉ោងប្រហែល៥ទៀបភ្លឺ រំខានអ្នករស់នៅជិតខាងរកដេកពួនមិនបាន។ ឈ្មោះ នុប សោភា ហៅ ចេក មិនព្រមដេកពួនទេ បានដើរស្រែកឡូឡាតាមផ្លូវឆ្កែព្រូសពេញភូមិ ថែមទាំងរករឿងឈ្លោះប្រកែកជាមួយអ្នកផ្ទះរបស់ខ្លួនទៀតផង។
ស្ត្រីឈ្មោះ សន ស្រីពៅ បានឲ្យដឹងទៀតថាគាត់ និងគ្រួសាររស់នៅផ្ទះទល់មុខគ្នាជាមួយនឹងគ្រួសារឈ្មោះ នុប សោភា នេះ។ស្រ្តីរងគ្រោះបន្ថែមថា នៅវេលាម៉ោង៥ទៀបភ្លឺ គាត់បានចុះពីលើផ្ទះបោកខោអាវដាំបាយ ដើម្បីត្រៀមខ្លួនចេញទៅធ្វើការជាប្រចាំថ្ងៃ។ខណៈនោះ ឈ្មោះ សន ស្រីមុំ ត្រូវជាប្អូនស្រីរស់នៅផ្ទះជាប់គ្នា ដែលធុញទ្រាន់នឹងសម្លេងរបស់ឈ្មោះ នុប សាភា ដែលកំពុងស្រែកឡូឡារំខានអ្នកជិតខាង បានដើរមកបានស្រែកឲ្យថា ស្រែកឡូឡាៗ រកតែគេដេកមិនបានទេ។ រំពេចនោះជនដៃដល់ឈ្មោះ នុប សោភា ក៏ផ្ទុះកំហឹង ក៏បានទាញកាំបិតខ្វែវចូលមកដេញកាប់ដល់ផ្ទះ សន ស្រី ពៅ តែម្តង។ដំបូងដេញកាប់ ឈ្មោះ សន ស្រីមុំ តែនាងរត់រួច ក៏បន្តដេញកាប់រូបគាត់ត្រូវរបួសចំស្មាហូរឈាម។ ដោយឃើញបែបនេះ ប្តីរបស់គាត់(សន ស្រីពៅ)ក៏បានរត់ចុះពីលើផ្ទះមកជួយចាប់ តែត្រូវជនបង្កកាប់ត្រូវជើង1កាំបិតផងដែរ។ ខណៈនោះប្តីគាត់ក៏ឆក់បានអង្កត់អុសនៅក្បែរចង្ក្រានមកវាយជនបង្កហិង្សាវិញ បណ្តាលឲដួលទៅដីរបូតកាំបិតខ្វែវពីដៃ។
ស្ត្រីរងគ្រោះឈ្មោះ សន ស្រីពៅ បន្តថា ដោយឃើញឱកាសល្អ គាត់ក៏បានបានឆក់យកកាំបិតនោះ ទៅក្រវីក្រវាត់ទាំងខ្លួនកំពុងតែត្រូវរបួសវង្វេងស្មារតីនៅឡើយ ដើម្បីការពារខ្លួន ក៏បណ្តាលឲ្យជនបង្កហិង្សាត្រូវរបួសប៉ុន្មានកាំបិតវិញទៅ។ពេលនោះប្រពន្ធជនដៃដល់បង្កហិង្សាឈ្មោះ នុប សោភា បានរត់មកចាប់ទាញប្តីរបស់ខ្លួនយកទៅផ្ទះវិញទៅ។
ក្រោយកើតហេតុហិង្សាជនរងគ្រោះ សន ស្រីពៅ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលត្រែង ប៉ុន្តែលោកមេប៉ុស្តិ៍មិនទទួលពាក្យបណ្តឹងទេ បែរជាឱ្យខ្លួនជាជនរងគ្រោះទៅសុំសម្របសម្រួលជាមួយជនបង្កហេតុទៅវិញ ដោយយោងហេតុផលថាស្ដាប់តែម្ខាងៗយកតែត្រូវរៀងៗខ្លួន និងថាចាំជុំគ្នាសិន បើទោះបីស្ត្រីរងគ្រោះបានអះអាងប្រាប់លោកមេប៉ុស្តិ៍ថា គេមកាប់ខ្ញុំដល់ក្នុងផ្ទះមែនក៏ដោយ។ ពេលនោះលោកមេប៉ុស្តិ៍និយាយថាថា យើងកាប់ត្រូវគេខ្លាំងដែរ តែធ្វើជាកំសត់ដូចខ្លួនជាជនរងគ្រោះ។
នៅថ្ងៃដដែលនោះ ស្ត្រីរងគ្រោះឈ្មោះ សន ស្រីពៅ បានទៅមន្ទីរពេទ្យ ពិនិត្យរបួស និងថតអេកូមើលនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យបានបញ្ជាក់ថាខ្លួនមានផ្ទៃពោះ៧សប្តាហ៍ ៦ថ្ងៃហើយ។ ប្រហែល5ថ្ងៃក្រោយគាតក៏មានសុខភាពទ្រុឌទ្រោម ចាប់ផ្ដើមធ្លាក់ឈាមឥតឈប់ និងបានរលូតកូនគួរឲ្យឈឺចាប់បំផុត ។
ដោយមានការភ័យខ្លាច ស្ត្រីរងគ្រោះក៏បានទៅដល់មន្ទីរពេទ្យ ដើម្បីសុំជនបង្កសម្របសម្រួលតាមការណែនាំពីមេប៉ុស្តិ៍នគរបាល ប៉ុន្តែឈ្មោះពេជ្រ និងឈ្មោះពួន ដែលត្រូវជាប្អូនបង្កើតជនបង្កហិង្សារមិនព្រមសម្របសម្រួលទេ ដោយគំរាមថា"កាប់បងអាញ់ៗចាំសងសឹក"។
ស្រាប់តែមកដល់ល្ងាចថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៦ ប្រហែលម៉ោង៥ល្ងាច បែរជាកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងចុះមកចាប់ឃាត់ឈ្មោះ សន ស្រីមុំ ដែលជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ នៅតាមផ្លូវពេលចេញមកពីធ្វើការ យកទៅសាកសួរ និងឃុំខ្លួននៅបញ្ជាការដ្ឋានកងរាជរអាវុធហត្ថខេត្តបាត់ដំបងមកដល់ថ្ងៃទី១៧ ខែសីហា ដោយពុំទាន់ដឹងពីមូលហេតុ។
ដោយឃើញនូវអំពីអយុត្តិធម៌គួរឲ្យឈឺចាប់បែបនេះ ដោយជនបង្កហិង្សារួចខ្លួន បែរជាប្អូនស្រីជនរងគ្រោះត្រូវសមត្ថកិច្ចចាប់យកទៅឃុំខ្លួនដោយគ្មានហេតុផល។ ប្រជាពលរដ្ឋជិត៣០នាក់រស់នៅក្នុងភូមិ ស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល បាននាំគ្នាផ្តិតមេដៃ ធ្វើជាសាក្សីថា ឈ្មោះ នុប សោភា ពិជាបានផឹកសុីស្រែកឡូឡាពេញមួយយប់ រំខានអ្នកភូមិមិនបានដេកពួន និងបានឮសម្លេងឈ្លោះប្រកែកគ្នារវាងឈ្មោះ សនស្រីពៅ និងឈ្មោះនុប សោភា ក្រោយមកបានឃើញជនបង្កហេតុកាន់កាំបិតចូលទៅផ្ទះជនរងរងគ្រោះ និងបានស្រែកថាសម្លាប់ សន ស្រីពៅ ចោល។
ដោយមានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ស្ត្រីរងគ្រោះ បានរត់គេចចេញពីផ្ទះមកស្នាក់នៅផ្ទះម្តាយឯស្រុកឆ្ងាយជាបណ្តោះអាសន្ន និងបានសំណូមពរឲ្យតុលាការខេត្តបាត់ដំបងជួយរកយុត្តិធម៌ដល់គាត់ និងដោះលែងប្អូនស្រីដែលជាជនរងគ្រោះ ស្របតាមច្បាប់ផង៕

No comments:
Post a Comment