www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, June 15, 2026

ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំជា «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ដែលសរសេរជាអក្សរកាត់ថា «ទ.ជ.អ.ប.វ»។

គោលបំណង នៃទិវាជាតិនេះ គឺលើកកម្ពស់ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការ ផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ប្រារព្ធឡើងមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងរៀបចំនៅតាមបណ្តាខេត្តទូទាំងប្រទេស។ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ ហើយចំនួនអ្នកចូលរួមក៏កាន់តែមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយអត្រាកំណើននៃអ្នកចូលរួមនេះ បានបង្ហាញថា បច្ចុប្បន្ន វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ កំពុងទទួលបាននូវចំណាប់ អារម្មណ៍យ៉ាងខ្លាំងពីសិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក វិស័យឯកជនដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្ដល់ឲ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងចូលរួមកាត់បន្ថយគម្លាតជំនាញ នៅក្នុងទីផ្សារការងារ។

បន្ថែមលើនេះ ការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឲ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់យើងមានភាពធន់នឹង បម្រែបម្រួលនៃស្ថានភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ទីផ្សារការងារ ការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងជួយឲ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស កាត់បន្ថយ ភាពគ្មានការងារធ្វើ ក៏ដូចជាជំរុញការចូលរួមចំណែករបស់យុវជន បានកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លើសពីនេះ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវ ដែលអាចឲ្យសិស្សបន្តការសិក្សាបាន និងអាចបំពេញការងារបានក្នុងពេលតែមួយ ដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន ឬអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្តបន្ទាប់ក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារ។

ការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផ្តល់ឱកាសនូវ «ការសិក្សាពេញមួយជីវិត» ដល់ប្រជាពលរដ្ឋទូទៅដល់យុវជន ពិសេសបងប្អូនកម្មករ និយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិត ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការប្រែប្រួលនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

បើតាមឯកឧត្តម ហេង សួរ គិតនៅត្រឹមខែឧសភា ឆ្នាំ២០២៦នេះ មានគ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងសរុបចំនួន២៦២គ្រឹះស្ថាន ក្នុងនោះ គ្រឹះស្ថាន TVET សាធារណៈចំនួន ៣៧គ្រឹះស្ថាន, គ្រឹះស្ថាន TVET ឯកជនចំនួន២០១គ្រឹះស្ថាន និងអង្គការ/សមាគមចំនួន ២៤គ្រឹះស្ថាន ដោយបានផ្តល់ការបណ្តុះបណ្តាលទាំងរយៈ ពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ៦ម៉ឺននាក់ និងការហ្វឹកហ្វឺនកូនជាង ជាមធ្យមប្រមាណជាង៣ម៉ឺននាក់ ក្នុងមួយឆ្នាំ។ ជាក់ស្ដែង បើគិតតែក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺចាប់ពីឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៦នេះ បានផ្តល់ការបណ្ដុះបណ្ដាលគ្រប់កម្រិតសរុបប្រមាណ៦៩.៨ម៉ឺននាក់រួចមកហើយ៕ អត្ថបទដោយ MET KIM AU

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages