ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារ ជាមួយទូតឡាវថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក Sonexay Vannaxay ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា និងបានគូសរំលេចអំពីប្រវត្តិនៃចំណងមិត្តភាពដ៏យូរលុងជាង១ពាន់ឆ្នាំរវាងកម្ពុជា-ឡាវ ដែលជាប្រទេសភូមិផងជាប់របងជាមួយគ្នា ហើយដែលតែងតែផ្តល់ការគាំទ្រគ្នា និងសហការគ្នាលើគ្រប់វិស័យទៅវិញទៅមកដូចបងប្អូន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទំនាក់ទំនងដ៏រឹងមាំនេះ បានមកពីការពូនជ្រំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់ ចាប់តាំងពីជំនាន់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងលោកបណ្ឌិត Thongloun Sisoulith អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រហូតមកដល់ជំនាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក Sonexay Vannaxay បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដូចជាផ្លូវ និងអាកាសយានដ្ឋានជាដើម ក៏ដូចជាសក្តានុពលរបស់កម្ពុជាក្នុងវិស័យកសិកម្ម និងមានគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញច្រើនកន្លែង តាមរយៈការធ្វើដំណើររបស់ឯកអគ្គរដ្ឋទូតផ្ទាល់ ទៅកាន់បណ្តាខេត្តនានារបស់កម្ពុជានាពេលថ្មីៗនេះ។
ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងមន្រ្តីឡាវ មកដកស្រង់បទពិសោធលើការអនុវត្តកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS និងលើផ្នែកឌីជីថលប្រកបដោយជោគជ័យ ហើយក៏ បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។
លោកឯកអគ្គរដ្ឋទូត បានបន្តប្តេជ្ញាថា នឹងជំរុញឱ្យប្រជាជនឡាវ មកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេសខេត្តសៀមរាប តាមច្រកផ្លូវគោកដោយរថយន្ត នៅក្នុងអាណត្តិការងារការទូតរបស់លោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសជាមួយបណ្តាប្រទេសដៃគូ ដូចជាប្រទេសចិន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់មេគង្គ ជាពិសេសការតភ្ជាប់រវាង ចិន-ឡាវ-កម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ហើយកម្ពុជា និងឡាវ គួរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីទាញយកប្រយោជន៍ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ស្របតាមនិន្នាការនៃការអភិវឌ្ឍក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ការប្រើប្រាស់កំពង់ផែសមុទ្រកម្ពុជា ជាច្រកនាំចេញរបស់ឡាវទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការប្រើប្រាស់ ព្រែកជីកហ្វូណនតេជោតែម្តង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសការផ្គត់ផ្គង់អគ្គិសនីពីប្រទេសឡាវមកកម្ពុជា ព្រមទាំងបានលើកឡើង អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ ក្នុងការសម្របសម្រួលការដឹកជញ្ជូនផលិតផលកសិកម្មរបស់កម្ពុជា ឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលនឹងជួយបង្កើនឱកាសទីផ្សារ និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។
មុននឹងបញ្ចប់ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងលទ្ធភាព នៃការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកំពង់ធំរបស់កម្ពុជា ជាមួយនឹងខេត្តចំប៉ាសាក់របស់ឡាវ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជូនពរលោក Sonexay Vannaxay ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំនិងមានផ្លែផ្កាបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរជាបងប្អូន៕ អត្ថបទដោយ Nou Seyha









No comments:
Post a Comment