ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត។
ពិធីនេះ មានការអញ្ជើញចូលរួមពី អនុប្រធានអចិន្ដ្រៃយ៍ អនុប្រធាន ហេរញ្ញិគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា ក្រុង ស្រុកទាំង១៤ និងក្រុមប្រតិបត្តិសាខាសរុបចំនួន៣៦រូប នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។
កិច្ចប្រជុំនេះបានផ្ដោតនូវរបៀបវរៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*១៖ ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២៥និងទិសដៅសម្រាប់ឆ្នាំ២០២៦ អានដោយ លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា
*២៖ ឆ្លងនិងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២៥ និងផែនការថវិកាឆ្នាំ២០២៦អានដោយ លោក សុវណ្ណ វិទិត្យា ហិរញ្ញិកគណៈកម្មាធិការសាខា
*៣៖ កិច្ចពិភាក្សាសេចក្តីព្រាង សេចក្តីសម្រេចស្តីពីដំណើប្រព្រឹត្តិទៅរបស់សាខាអាណត្តិទី៦ ២០២៥-២០៣០
*៤៖ ពិភាក្សាការងារត្រៀមរៀបចំប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦
*និង៥៖ ការងារផ្សេងៗ។
លោក ផេង សិទ្ធី បានលើកឡើងថាដោយមានការយកចិត្តទុក ដាក់ពី សំណាក់ លោក សុខ ផល ប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធាគណៈកម្មាធិការសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅឆ្នាំ២០២៥ សាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង សម្រេចបានក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមាន៖
*ទី១. ការងារគ្រប់គ្រងគ្រោះមហន្តរាយ
*ទី២. ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
*ទី៣. ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និង
*ទី៤. ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍន៍ធនធាននិងឈរលើគោលកាណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាខេត្ត អនុសាខាក្រុងស្រុកឡើយ។
ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងទៅនេះ សាខាខេត្តបាត់ដំបង អនុសាខាក្រុងស្រុកទាំង១៤ បានផ្តល់អំណោយមនុស្សធម៌សរុបបានចំនួន ២១០លើក មានអ្នកទទួលផល ចំនួន ២,៩៦២ គ្រួសារ មនុស្សរាយចំនួន ៨,៦៧៨នាក់ ស្រី៤,៥៣៨នាក់ ក្នុងក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបង។ ក្នុងនោះអំណោយ កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាលចំនួន ១២៦គ្រួសារ, អំណោយសាខាខេត្តផ្ទាល់ ចំនួន២,២៤៤គ្រួសារ បានប្រគល់ផ្ទះមនុស្សធម៌ ចំនួន ៥ខ្នងគ្រួសារជនមានពិការ ចំនួន ៨៨០គ្រួសារ និងអំណោយរបស់អនុសាខាក្រុង/ស្រុកផ្ទាល់ ចំនួន៦០៧គ្រួសារ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងនូវការកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសាខានិងមន្ត្រីក្រុមប្រតិបត្តិសាខា និងអនុសាខាដែលបានខិតខំ បំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌របស់ខ្លួន ក្នុងការជំរុញសកម្មភាពធ្វើឲ្យសម្រេចបាននូវលទ្ធផល គួរឱ្យកត់សំគាល់ ជាពិសេសប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំលោះព្រំដែន និងភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាព។
ឯកឧត្តមក៏បានណែនាំនិងជម្រុញអំពីវិធានការចាំបាច់មួយចំនួន ដោយត្រូវត្រួតពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំងមធ្យោបាយ ថវិកានិងសម្ភារៈក្នុងការចុះជួយអន្តរាគមន៍ឆ្លើយតបឲ្យបានទាន់ពេលវេលា ដល់ជនដែលងាយរងគ្រោះក្នុងខណៈពេលមានគ្រោះអាសន្នកើតឡើងនិងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើងភ្លាមៗ ដោយមិនត្រូវទុកឱ្យមានការរ៉ាំរ៉ៃយូរឡើយ។
ឯកឧត្តម សុខ លូ បានសំណូមពរនិងបានដាស់តឿនដោយក្រើនរំឭក ដល់មន្រី្តប្រតិបត្តិសាខា និងអនុសាខាទាំងអស់ ត្រូវបន្តខិតខំនិងលះបង់នូវស្មារតីក្នុងការចូលរួមបន្តអនុវត្តគ្រប់សកម្មភាពមនុស្សធម៌លើការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរនិងសកម្មផុលផុសក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈនៃវិស័យអាទិភាពចំនួន៤ រួមមាន ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យនិងការប្រែប្រួលអាកាសធាតុ សុខភាព និងការថែទាំសុខភាពនៅក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង ការអភិវឌ្ឍស្ថាប័ន។
បន្ថែមពីនេះផងដែរ ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ និងជនងាយរងគ្រោះនៅតាមមូលដ្ឋានរបស់ខ្លួននីមួយៗ ដូចជា៖ អ្នកផ្ទុកមេរោគអេដស៍ចាស់ជរាគ្មានទីពឹងកុមារកំព្រា និងបន្តពិនិត្យក្នុងការធ្វើផ្ទះជូនជនទីទ័លក្រជាដើម៕
























No comments:
Post a Comment