www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, February 8, 2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ការជួយសង្គ្រោះអាយុជីវិតកុមារ ប្រៀបដូចជាការជួយកសាងធនធានមនុស្សដ៏សំខាន់ ដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនការស្តារ និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ឱ្យបានរីកចំរើន ថ្កុំថ្កើន រុងរឿង នាពេលអនាគត

ការថ្លែងរបស់លោកជំទាវបណ្ឌិត បានធ្វើឡើងនៅក្នុងឪកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

គម្រោងវះកាត់បេះដូងកុមារនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា «បេសកម្មរបស់មន្ទីរពេទ្យកុមារជាតិ ដែលសហការជាមួយសមាគមសុខាភិបាល ខ្មែរ-អាមេរិក (CHPAA) នាពេលនេះ បានផ្តល់នូវស្នាមញញឹមថ្មីដល់ក្រុមគ្រួសារ សាច់ញាតិបងប្អូន បានឃើញកូន ក្មួយ របស់ពួកគាត់

អាចជាសះស្បើយពីជំងឺបេះដូងពីកំណើតនេះ ហើយអាចរស់នៅជួបជុំគ្រួសារដោយសប្បាយរីករាយដូចក្រុមគ្រួសារដទៃទៀតដែរ។ ជាងនេះទៅទៀត ការជួយសង្គ្រោះអាយុជីវិតកុមារ ប្រៀបដូចជាការជួយកសាងធនធានមនុស្សដ៏សំខាន់ ដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនការស្តារ និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ឱ្យបានរីកចំរើន ថ្កុំថ្កើន រុងរឿង ទៅអនាគត»។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី វាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល ដែលបានបំពេញតួនាទីយ៉ាងល្អប្រសើរក្នុងនាមជាសេនាធិការរដ្ឋាភិបាល ជាពិសេស អំឡុងពេលមានបញ្ហាតាមព្រំដែននាពេលកន្លងមក ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

មួយវិញទៀតលោកជំទាវ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារជាតិទាំងអស់ដែលបានខិតខំជួយជ្រោមជ្រែងសហការជាមួយសមាគមសុខាភិបាលខ្មែរនៅអាមេរិក និងសូមជូនពរឱ្យគម្រោងវះកាត់បេះដូងនេះដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យជានិច្ចនិរន្ត។

នៅក្នុងឱកាសនោះ លោកញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា ដើម្បីអភិវឌ្ឍន៍ផ្នែក វះកាត់ និងព្យាបាលជំងឺបេះដូង មន្ទីរពេទ្យកុមារជាតិបានសហការជាមួយ អង្គការ CHPAA ដែលមានអ្នកជំនាញមកពីសហរដ្ឋអាមេរិក ដែលមានជំនាញយូរឆ្នាំលើការព្យាបាល និងការវះកាត់បេះដូងកុមារពីកំណើត។ នៅក្នុងកិច្ចសហការនេះមានគោលបំណង

វះកាត់ជំងឺបេះដូងជូនកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើតដោយមិនគិតថ្លៃ និងពង្រឹងភាពជាដៃគូរវាងមន្ទីរពេទ្យកុមារជាតិ និង អង្គការ CHPAA។

មន្ទីរពេទ្យកុមារជាតិ បានត្រៀមខ្លួនរួចជាស្រេច និងសហការជាមួយសមាគមសុខាភិបាលខ្មែរនៅអាមេរិក(CHPAA)ដើម្បីផ្ដល់ការវះកាត់ជូនកុមារចំនួន១២នាក់ និង០៤នាក់ពិនិត្យឡើងវិញក្នុងបេសកកម្មរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិកដើម្បីដាក់កម្មវិធីវះកាត់បន្ត។

បន្ទាប់ពីកម្មវិធីវះកាត់នេះមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានរៀបចំផែនការ ៣ឆ្នាំខាងមុខដើម្បីអោយមន្ទីរពេទ្យកុមារជាតិមានសមត្ថភាពវះកាត់ដោយក្រុមវេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរេពេទ្យតែម្ដងតាម រយះការគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្ស សម្ភារបរិក្ខារដែលចាំបាច់ក្នុងការវះកាត់នេះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages