www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, February 11, 2026

រដ្ឋមន្ត្រី កែវ រតនៈ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្ត សម្រាប់ឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា


ឯកឧត្តម​ កែវ​ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។

ពិធីនេះមានការចូលរួមពីក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, អាជ្ញាធរសវនកម្មជាតិ, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត, អគ្គិសនីកម្ពុជា, សមាគមអគ្គិសនីជនបទ, ធនាគារ, អាជ្ញាធរមូលដ្ឋាន, អ្នកប្រើប្រាស់ និងអ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី នៅទូទាំងប្រទេស។

បើតាមលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ការរៀបចំសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធអំពីវឌ្ឍនភាព និងការប្រឈមនានា ដែលវិស័យអគ្គិសនីបានជួបប្រទះនាពេលកន្លងមក ព្រមទាំងធ្វើការពិភាក្សា និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៦។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា វិស័យអគ្គិសនី គឺជាវិស័យអាទិភាពសំខាន់មួយក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ព្រោះវាមានតួនាទីសំខាន់ទាំងក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងអាណត្តិទី៧ វិស័យអគ្គិសនីកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព បង្កើនការផ្គត់ផ្គង់ថាមពល និងគាំទ្រកំណើនសេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋានគ្រឹះរឹងមាំពីអាណត្តិកន្លងមក។

លោក យឹម វិសិដ្ឋ បានឱ្យដឹងថា ប្រព័ន្ធបណ្តាញបញ្ជូនរង និងបណ្តាញចែកចាយ៖ ផ្នែកនេះ យើងមានហេដ្ឋារចនាសម្ព័ន្ធចំនួន៣ គឺទី១. ខ្សែបណ្តាញ MV, ទី២. ត្រង់ស្វូចែកចាយ និង៣. ខ្សែបណ្តាញ LV។ នៅចុងឆ្នាំ២០២៣ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,០០៨ ស្មើ ៩៨.៨៧%។ មកដល់ចុងឆ្នាំ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,០៤៨ ស្មើ ៩៩.១៥% កើនឡើងចំនួន ៤០ភូមិ។ ដោយឡែក នៅចុងឆ្នាំ២០២៥ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ១៤,៤៣៨ កើនឡើងចំនួន ៣៩០ភូមិ ប៉ុន្តែបើគិតជាភាគរយប្រៀបធៀបជាមួយស្ថិតិចំនួនភូមិសរុបថ្មី បានថយចុះពី ៩៩.១៥% មក ៩៩.០៩%។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុចំនួនភាគរយប្រៀបធៀបជាមួយចំនួនភូមិសរុប មានការថយចុះនេះ ដោយសារកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុប ១៤,១៦៨ ប៉ុន្តែសម្រាប់ឆ្នាំ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រើប្រាស់ស្ថិតិភូមិសរុបថ្មី ដែលមានចំនួន ១៤,៥៧០ គឺចំនួនភូមិបានកើនឡើង ៤០២ភូមិ។ ផ្អែកតាមគម្រោងផែនការក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៦៧ ភូមិទៀត។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថាដូច្នេះ យើងអាចសល់ភូមិចំនួន៦៥ ត្រូវជា ០.៤៥% ដែលអាចពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង, តំបន់គ្មានផ្លូវធ្វើដំណើរ, តំបន់កោះ, តំបន់រស់នៅបណ្តែតទឹក, តំបន់លិចទឹកនៅរដូវវស្សា, តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ, តំបន់តាំងទីលំនៅថ្មី ជាដើម ដែល ត្រូវការទុនយ៉ាងច្រើន និងមានភាពស្មុគស្មាញ ប្រសិនបើយើងត្រូវពង្រីកការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages