www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, February 20, 2026

ឯកអគ្គរដ្ឋទូត៖ កម្ពុជានិងឥណ្ឌា សុទ្ធតែមានគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញ


(ភ្នំពេញ)៖ លោក Vanlalvawna Bawiltung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា សុទ្ធតែមានគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញ ដែលអាចឲ្យប្រជាជនទាំងពីរ ធ្វើដំណើរទេសចរណ៍ទៅវិញទៅមក។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសស្ថានទូតឥណ្ឌានៅកម្ពុជា បានរៀបចំកម្មវិធីការធ្វើដំណើរទាក់ទងពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌា ឆ្នាំ២០២៦ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri- La Phnom Penh ដោយមានការគាំទ្រពីសមាគមទេសចរណ៍កម្ពុជា និងផ្នែកការទូតសេដ្ឋកិច្ច ក្រសួងការបរទេសឥណ្ឌា។

មូលហេតុដែលលោកឯកអគ្គរដ្ឋទូតលើកឡើងបែបនេះ ក៏ព្រោះថា នៅកម្ពុជាមានប្រាសាទបុរាណ និងរូបបដិមាជាច្រើន ដែលត្រូវបានសាងសង់ឡើង ដោយសារទទួលឥទ្ធិពលសាសនាហិណ្ឌូ ខណៈឥណ្ឌាជាប្រទេសដែលមានប្រជាជនកាន់សាសនានេះច្រើនបំផុត។ ជាពិសេស ប្រជាជនឥណ្ឌា ចង់ទស្សនាប្រាសាទអង្គរវត្ត ដែលត្រូវបានកសាងឡើងដំបូងបែបសាសនាហិណ្ឌូ និងក្រោយមកបែបពុទ្ធសាសនា។ ចំណែកឯប្រជាជនកម្ពុជាវិញ ចង់ទៅលេងពុទ្ធគយា និងប្រាសាទមហាដើមពោធិដ៏ពិសិដ្ឋ ដែនដីដែលព្រះពុទ្ធត្រាស់ដឹង ព្រមទាំងប្រាសាទសារណាត (Sarnath temple) ដែលជាកន្លែងសម្គាល់ដែលព្រះពុទ្ធសម្តែងធម្មទេសនាលើកដំបូង បន្ទាប់ពីបានត្រាស់ដឹង។

បន្ថែមលើនេះ ជើងហោះហើររវាងកម្ពុជានិងឥណ្ឌា ក៏ចាប់ផ្តើមកើនឡើង ក៏ជាហេតុផលដែលប្រជាជនប្រទេសទាំងពីរងាយធ្វើដំណើរ។ ជាក់ស្តែងថ្មីៗនេះ មានជើងហោះហើរត្រង់ (Direct Flight) ពីអាកាសយានដ្ឋានអន្ដរជាតិតេជោភ្នំពេញ ទៅកាន់ដែនដីពុទ្ធគយា ព្រមទាំងពីខេត្តសៀមរាប ទៅទីក្រុងកុលកាតា ផងដែរ។

សូមជម្រាបថា នៅក្នុងកម្មវិធីនេះ មានបទបង្ហាញពីកន្លែងទេសចរណ៍សំខាន់ៗដូចជា ប្រាសាទអង្គរវត្ត នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក៏មានបង្ហាញពីពុទ្ធគយា (Bodhgaya) ដែនដីនៃការត្រាស់ដឹងរបស់ព្រះពុទ្ធ ដែលជាកន្លែងសក្ការៈបូជាព្រះពុទ្ធសាសនាដ៏ពិសិដ្ឋបំផុតនៅលើពិភពលោកកន្លែងដែលព្រះពុទ្ធបានត្រាស់ដឹងនៅក្រោមដើមពោធិ។ វាមានប្រាសាទមហាដើមពោធិ (Mahabodhi) ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ បន្ថែមលើនេះ ក៏មានបង្ហាញពីប្រាសារណាត ដែលជាកន្លែងសក្ការៈបូជាដ៏ពិសិដ្ឋបំផុតមួយក្នុងចំណោមទីសក្ការៈបូជាព្រះពុទ្ធសាសនាទាំងបួន ដែលជាកន្លែងសម្គាល់ដែលព្រះពុទ្ធសម្តែងធម្មទេសនាលើកដំបូង បន្ទាប់ពីបានត្រាស់ដឹង។ ទីតាំងនេះ មានស្តូបបុរាណ Dhamek (សាងសង់ដោយព្រះបាទ អសោក), Mulagandhakuti Vihara និងប្រាសាទផ្សេងៗទៀត។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសមកលេងកម្ពុជា មានប្រមាណ ៥ ៥៧០ ០០០នាក់ ក្នុងនោះមានទេសចរឥណ្ឌាមកទស្សនាប្រទេសកម្ពុជាចំនួន ៧១ ០៤៦នាក់ ខណៈចំនួនទេសចរកម្ពុជាទៅលេងនៅប្រទេសឥណ្ឌា នៅឆ្នាំ២០២៥ មិនទាន់ទិន្នន័យនោះទេ។ ចំណែករបាយការណ៍របស់ក្រសួងទេសចរណ៍ឥណ្ឌា មានប្រជាជនកកម្ពុជា ១១ ៣២៦នាក់ បានទៅលេងប្រទេសឥណ្ឌា នៅឆ្នាំ២០២៤៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages