www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, January 4, 2026

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពពង្រាយទូរកុងតឺន័រ រាយលួសបន្លា និងលួចសម្បត្តិពលរដ្ឋស៉ីវិលកម្ពុជាពីសំណាក់ទាហានថៃ ជាទង្វើខុសច្បាប់អន្ដរជាតិ និងបំពានលើខ្សែព្រំដែនអន្ដរជាតិ

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានចាត់ទុកសកម្មភាពពង្រាយទូរកុងទឺន័រ រាយលួសបន្លា និងលួចសម្បត្តិប្រជាពលរដ្ឋស៉ីវិលស្លូតត្រង់របស់កម្ពុជា ពីសំណាក់ក្រុមទាហានថៃ គឺជាទង្វើខុសច្បាប់អន្ដរជាតិ និងបំពានលើខ្សែព្រំដែនអន្ដរជាតិ ដែលមិនអាចទទួលយកបានឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់នូវខ្លឹមសារយ៉ាងដូច្នេះថា៖

ទី១៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែន ដែលជាអំពើខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ចំណែកការកាន់កាប់ និងបន្តកាន់កាប់តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិទាំងស្រុង។

ទី២៖ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគ្មានតម្លៃតាមផ្លូវច្បាប់និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបែបនេះ ផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមស្មារតី នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាស្មារតី នៃកិច្ចព្រមព្រៀងដែលមានកាលពីពេលកន្លងមក។ ចំណែកឯការដាក់ពង្រាយទូរកុងតឺន័រ ការរាយបន្លាលួស ឬដោតទង់ជាតិ គឺជាសកម្មភាពបំពានលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ដែលមិនអាចទទួលយកបានឡើយ។

ទី៣៖ ទាហានថៃបាននិងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរ។ ការបំផ្លិចបំផ្លាញនេះបានធ្វើឡើងដោយការវាយប្រហារសំដៅគោលដៅស៊ីវិល កាលពីក្នុងអំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី៧ ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ផង និងបន្តបំផ្លាញដោយកម្លាំងគ្រឿងចក្រនិងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន។

លើសពីនេះ ទាហានថៃថែមទាំងបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន ហើយបាននិងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ និងបានលួច ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ យ៉ាងអនាធិបតេយ្យបំផុត។ អំពើនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹក ទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។

ទី៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ និងទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាពបែបនេះ និងសូមភាគីថៃ គោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក នៃប្រទេសទាំងពីរ ក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

ទី៥៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ទី៦៖ ការដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួស ក៏ដូចជាការដោតទង់ជាតិក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់ បង្ហាញយ៉ាងច្បាស់ពីអំពើរំលោភបំពានដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ខណៈដែលការវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ កាន់តែអាក្រក់ជាងនេះទៅទៀត ភស្តុតាងបានបង្ហាញថា យោធាថៃបានប្រព្រឹត្តបទល្មើសលួច ប្លន់ ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនបានហ៊ុមព័ទ្ធ ដែលជាសកម្មភាពអមនុស្សធម៌មិនអាចទទួលយកបាន និងត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages