(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាកិច្ចប្រជុំបន្ទាន់ផ្តោតលើផែនការសកម្មភាពជាក់ស្តែង និងការចាត់តាំងអនុវត្ត ដើម្បីធ្វើឱ្យការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិនឆ្នាំ២០២៦ អាចទទួលបានលទ្ធផលជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
នាឱកាសនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានគណកម្មការសម្របសម្រួលលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លោក លោកស្រី ក្រុមការងារផ្នែកឯកជន, អង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិង្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), តំណាងសមាគមទេសចរណ៍, ក្រុមហ៊ុនខេមបូឌា អ៊ែរផត, ក្រុមហ៊ុន អង្គរអ៊ិនធើណេសិនណល អ៊ែរផត, ក្រុមហ៊ុនអាកាសចរណ៍, និងប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ សរុបចំនួនប្រមាណ ១៣០នាក់។
សូមជម្រាបថា តាមសំណើរបស់ក្រសួងទេសចរណ៍ សភាពាណិជ្ជកម្មកម្ពុជា និងនៅក្នុងក្របខ័ណ្ឌនៃក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងយោងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងរួមទទួលផល, រដ្ឋមន្ត្រី ហួត ហាក់ បានស្នើក្រសួង/ស្ថាប័នទទួលបន្ទុក និងផ្នែកឯកជន ធ្វើការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ, រៀបចំផែនការជាក់ស្តែង និងចាត់តាំងអនុវត្តសកម្មភាពការងារដែលស្ថិតនៅក្នុងសមត្ថកិច្ច និង ជំនាញរបស់ខ្លួនធ្វើយ៉ាងណាឱ្យគម្រោង នៃការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋចិន ទទួលបាននូវផលសេដ្ឋកិច្ច និងប្រសិទ្ធភាពខ្ពស់បំផុត។
ជាមួយគ្នានេះ, អង្គប្រជុំទាំងមូល រដ្ឋ និងឯកជន មានសេចក្តីសប្បាយរីករាយក្រៃលែង និងសូមគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់គោលការណ៍អនុញ្ញាតចំពោះការអនុវត្តគម្រោងសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចក្នុងរដូវកាលបៃតង៕













No comments:
Post a Comment