www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, December 4, 2025

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា សម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣ ៦០០លានដុល្លារ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតក្នុងឱកាស «ទិវាជាតិអាកាសចរណ៍ស៊ីវិល» លើកទី១ ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ទន្ទឹមនឹងការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ដោយក្នុងនោះក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិថ្មីទាំង៣ ដែលដាក់ឱ្យដំណើរការរួមមាន៖

* អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build - Operate - Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣

* អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ 4D ក្រោមទឹកប្រាក់វិនិយោគ ២០០លានដុល្លារអាមេរិក ជាគម្រោង Build - Own - Operate (BOO) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤

* អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២ ៣០០លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សម្តេចបវរធិបតីបានលើកឡើងពីវឌ្ឍនភាពរបស់វិស័យអាកាសចរណ៍ស៉ីវិលផងដែរថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការដាក់ឱ្យអនុវត្តគោលនយោបាយបើកចំហជើងមេឃ ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលំហូរអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស ដើម្បីចូលរួមចំណែកអភិវឌ្ឍទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្មនិងការផ្សារភ្ជាប់ទំនាក់ទំនងសង្គមកាន់តែច្រើន ក៏ដូចជា ការចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ ក្រោមយន្តការនៃការធ្វើសេរីភាវូបនីយកម្មនៃការដឹកជញ្ជូនតាមផ្លូវ អាកាសទ្វេភាគី និងពហុភាគីអាស៊ាន។

លទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ ដែលកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៦ប្រទេស និង៣៩ទីក្រុង ដោយក្នុងនោះបានតភ្ជាប់ទៅកាន់៨ប្រទេស ក្នុងតំបន់អាស៊ាន ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ប្រទេសកាតា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសជប៉ុន ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន ៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages