www.k-preyvengpost.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, November 27, 2025

ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

  

(ប៉ៃលិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសជាផ្លូវការ «ក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តប៉ៃលិន។

ជ័យលាភីនេះមានការទទួលស្គាល់ ជាផ្លូវការពី ក្រសួងទេសចរណ៍ចំពោះបណ្តាក្រុង ស្រុក ខណ្ឌ ណាដែលបានអនុវត្ត បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ ដោយបណ្តាញទីក្រុងគ្មានផ្សែងបារី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, លោក ហែម ដារិទ្ធ អភិបាលរង តំណាងលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករទេសចរណ៍, យុវជន ស.ស.យ.ក., យុវជនកាកបាទក្រហមកម្ពុជា, គ្រប់ផ្នែក គ្រប់ថ្នាក់នៅលើទឹកដីនៃខេត្តប៉ៃលិន ប្រមាណ ៥០០នាក់។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចថា ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ រួមជាមួយអតីតលោកអភិបាលខេត្តប៉ៃលិន គ្រប់ជំនាន់, ក៏ដូចជាក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, ជាមួយនឹងសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ខេត្តប៉ៃលិន មានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់ជាបន្តបន្ទាប់, ដោយខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈយ៉ាងស្រស់ស្អាត, ការតុបតែងលម្អទីក្រុង និងការបន្ថែមនូវខ្សែក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភណភាព ស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ដក្នុងខេត្តប៉ៃលិនឱ្យកាន់តែច្រើនឡើងៗ សំដៅចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត បានកាន់តែប្រសើរឡើង។

លើសពីនេះទៀត លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ខេត្តប៉ៃលិន មិនត្រឹមតែជាខេត្តល្បីឈ្មោះជាទឹកដីត្បូងពេជ្រ ប៉ុណ្ណោះទេ តែជាខេត្តមួយដែលមានអត្តសញ្ញាណវប្បធម៌ រូបិយ និងអរូបិយ លេចធ្លោមានជាអាទិ៍៖ «របាំក្ងោកប៉ៃលិន» និងដំណាំ កសិផល «មៀនប៉ៃលិន» ព្រមទាំងជាគោលដៅទេសចរណ៍ធម្មជាតិ, អេកូទេសចរណ៍, កសិទេសចរណ៍ និង តំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត ដែលភ្ញៀវទេសចរតែងប៉ងប្រាថ្នាមកលេងកម្សាន្ត និងមកស្គាល់ដោយផ្ទាល់ ជាពិសេសទេសចរ ចង់មកឃើញផ្ទាល់នូវទេសភាព និងសម្រស់ខេត្តប៉ៃលិន ដែលត្រូវបានកវីនិពន្ធសរសេររៀបរាប់ និងចងក្រងពិពណ៌នាយ៉ាងលម្អិតនៅក្នុងបទចម្រៀង និងរឿងប្រលោមលោកជាច្រើន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages